Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Monday, April 7, 2014

រឿង​និទាន​បី ដែល​ជួយ​យើង​ឱ្យ​យល់​ពី​ខ្លួន​ឯង​បាន​កាន់​តែ​ប្រសើរ



កាល​ពី​ដើម​ឡើយ បុរស​ម្នាក់​មាន​កូន​ប្រុស​ម្នាក់ និង​សត្វ​លា​មួយ​ក្បាល។ ថ្ងៃ​មួយ សត្វលា​នោះ​បាន​វង្វេង​បាត់​ធ្វើ​ឱ្យ​បុរស​នោះ​​​កើតទុក្ខ​មិន​សប្បាយចិត្ត។ ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ សត្វ​លា​នោះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នាំ​សេះ​មួយ​ក្បាល​មក​ជាមួយ ដែល​ធ្វើ​ឱ្យ​ជីវិត​គាត់​មាន​ភាព​រីករាយ​ឡើង​វិញ។ ពីរ​ថ្ងៃ​បន្ទាប់​មក កូន​ប្រុស​របស់​គាត់​បាន​ធ្លាក់​ពី​លើ​ខ្នង​សេះ​បាក់​ជើងធ្វើ​ឱ្យ​គាត់​មិន​សប្បាយ​ចិត្ត និង​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ ពីរ​សប្ដាហ៍​កន្លង​មក មាន​ការ​កេណ្ឌ​​ក្មេង​ប្រុស​ទាំងអស់​ឱ្យ​ធ្វើ​ទាហាន​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ក្នុង​សង្គ្រាម ប៉ុន្តែ​កូន​របស់​គាត់​មិនត្រូវ​បាន​កេណ្ឌ​ធ្វើ​ជា​ទាហាន​ឡើយ ដោយសារ​តែ​បាក់​ជើង​។
ដំណឹងនេះ​ធ្វើ​ឱ្យ​គាត់​សប្បាយ​ចិត្ត​ជា​ថ្មី​ម្ដង​ទៀត។ រឿង​និទាន​នេះ​ក៏​បន្តកើត​មាន​ព្រឹត្តិការណ៍​បែប​នេះ​ជា​បន្តបន្ទាប់។
តើ​នរណា​ជា​អ្នកគ្រប់គ្រង​ជីវិត និង​សុភមង្គល​របស់​បុរស​នេះ? តើ​គាត់​នឹង​ផ្លាស់ប្ដូរ​ស្ថានភាព​រស់នៅ​បែប​នេះ ឬ​ក៏​សុខ​ចិត្ត​រស់នៅ​​ជា​ជនរងគ្រោះ​​ក្នុង​ស្ថានភាព​បែប​នេះ? តើ​គ្នា​យើង​ប៉ុន្មាន​នាក់​ដែល​នឹង​រស់នៅ​ក្នុង​ស្ថានភាព​ដូច​​គាត់ គឺ​ការ​រស់នៅ​ក្នុង​ភាព​គួរ​ឱ្យ​អាណិត?

មាន​បុរស​បី​នាក់​បាន​ជាប់​ក្នុង​ការ​ស្ទះ​ចរាចរណ៍។ បុរស​ទីមួយ​ចាប់​ផ្ដើម​​មាន​អារម្មណ៍​មួរម៉ៅ និង​ស្រែកជំទាលឡើង​ដោយសារ​​មិន​សប្បាយ​ចិត្ត។ បុរស​ទី​ពីរ​ចាប់ផ្ដើម​ព្រួយ​បារម្ភ ពីព្រោះ​គាត់​ខ្លាច​ទៅ​ធ្វើការ​យឺត ហើយ​គាត់​ក៏​ភ័យព្រួយ​រហូត​គាត់​ធ្វើ​ដំណើរ​ទៅ​ដល់​ការិយាល័យ​របស់​គាត់។ បុរស​ទីបី​យល់​ឃើញ​ថា គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ចំពោះ​ការ​ស្ទះ​ចរាចរណ៍​នេះ​ឡើយ ដូច្នេះ គាត់​បាន​ចាក់​បទ​ចម្រៀង​ពិរោះៗ និង​ស្ដាប់​លម្ហែ​រហូត​លែង​ស្ទះ​ចរាចរណ៍។
តើ​បុរស​មួយ​ណា​ជា​អ្ន​ក​គ្រប់គ្រង​ជីវិត​ខ្លួន​ឯង? តាមរយៈ​ការ​ឆ្លើយតប ឬ​ការ​បញ្ចេញ​អាកប្បកិរិយា​​ទៅ​នឹង​ស្ថានភាព​ដែល​បុរស​ទាំងបី​ប្រឈម តើ​​ការ​ឆ្លើយ​តប​របស់​ពួកគេ​ផ្ដល់​គុណសម្បត្តិ ឬ​គុណ​វិបត្តិ​សម្រាប់​ខ្លួន​ដែរ​ឬទេ? តើ​ការ​កក​ស្ទះ​ចរាចរណ៍​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ដែរ​ឬទេ ប្រសិន​បើ​ពួកគេ​​មាន​អាកប្បកិរិយា​បែប​នេះ?

ថ្ងៃ​មួយ អា​មេដ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ពី​ប្រទេស​សឹង្ហបុរី​ទៅកាន់​តំបន់​ពីណាំង​ក្នុង​ទីក្រុង​កូឡាឡាំពួរ។ រាមា​ស្មី​ជាមួយ​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​ក៏​ជិះ​ក្នុង​រថយន្ត​ក្រុង​នោះ​ដែរ ដោយ​អង្គុយ​ក្បែរ​អាមេដ។ រាមាស្មី​បាន​អង្គុយ​ចុះ និង​សញ្ជឹង​គិត ដោយ​មិន​បាន​ចាប់​អារម្មណ៍ពី​កូន​ប្រុស​ទាំង​ពីរ​របស់គាត់ ដែល​កំពុង​លេង​ដោយ​បញ្ចេញ​សម្លេង​ឮខ្លាំងៗ​ធ្វើ​ឱ្យ​រំខាន​អ្នក​ធ្វើ​ដំណើរ​ដទៃទៀត។ អ្នក​ធ្វើ​ដំណើរគ្រប់គ្នា​បាន​ព្យាយាម​អត់ធ្មត់រហូត​អាមេថដ​មិន​អាច​ទ្រាំ​បាន ក៏​បាន​ស្រែក​ដាក់​រាមាស្មី។ រាមាស្មី​បាន​ងាក​ទៅ​អា​មេដ​ទាំង​សោកសៅយ៉ាង​ខ្លាំង និង​បាន​សុំ​ការ​អធ្យាស្រ័យ។ គាត់​បាន​និយាយ​ថា សុំទោស​ចំពោះ​អាកប្បកិរិយា​មិន​ល្អ​របស់​កូនៗ​ខ្ញុំ។ ម្ដាយ​របស់​ពួកគេ​ទើបតែ​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ ហើយ​ទាំង​ខ្ញុំ និង​ពួកគេ​ទាំងពីរ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ឡើយ។ ភ្លាមៗ​នោះ ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ក្នុង​ឡាន​ក្រុង​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ។ អ្នក​ទាំងអស់​គ្នា​ចាប់ផ្ដើមអាណិត និង​ជួយ​ដល់​គាត់។
តើ​ហេតុអ្វី​បាន​មនុស្ស​ទាំងអស់គ្នា​ស្រាប់​តែ​ផ្លាស់ប្តូរ​ឥរិយាបថ​ភ្លាមៗ នៅពេល​ដែល​ក្មេង​ប្រុស​ទាំងពីរ​នៅតែ​បង្ក​អាកប្បកិរិយា​មិន​ល្អ? តើ​នេះ​ដោយសារ​តែ​យើង​យល់​ពី​ហេតុផល​ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​អាកប្បកិរិយា​បែប​នេះ​មែន​ដែរ​ឬទេ?


តើ​ជាញឹកញាប់​ យើង​វាយតម្លៃ​មនុស្ស​ម្នាក់​ដោយ​មិន​ដឹង​ពី​ហេតុផលនៃ​អាកប្បកិរិយា​របស់​គេ​ដែរ​ឬទេ?

No comments:

Post a Comment